អភិបាលខេត្តកណ្ដាល ណែនាំមន្ទីរជុំវិញខេត្ត បន្តលើកកម្ពស់តួនាទីភារកិច្ច ក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋ ឱ្យបានល្អប្រសើរកណ្ដាល៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានណែនាំមន្ទីរនានាជុំវិញខេត្ត បន្តលើកកម្ពស់តួនាទីភារកិច្ច ក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋ ឱ្យបានល្អប្រសើរ នៅតាមមូលដ្ឋានរបស់ខ្លួន។ការណែនាំរបស់ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល នាឱកាសអញ្ជើញជាអធិបតីរួមជាមួយ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល ក្នុងកិច្ចកិច្ចប្រជុំសាមញ្ញលើកទី២៣ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ដោយមានការចូលរួមពី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល បានធ្វើការកោតសសើរចំពោះ គ.ក.ស.ក. ខេត្ត បានចូលរួមចំណែកក្នុងការងារសេវាសង្គម។ ចំពោះការងារគាំពារសង្គម ជាការងារសំខាន់ និងស្នើមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ចូលរួមសហការជាមួយ គ.ក.ស.ក. ខេត្ត ឱ្យបានល្អប្រសើរ។ជាមួយគ្នានេះ ឯកឧត្តមប្រធាន បានថ្លែងអំណរគុណចំពោះ គ.ក.ស.ក. ខេត្ត ដែលបានសហការជាមួយអាជ្ញាធរ និងមន្ទីរ អង្គភាពជំនាញ ចុះពិនិត្យតាមដានស្ថានភាពជម្ងឺរមាស់ដែលកើតមានក្នុងភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុក កៀនស្វាយ និងតាមរយៈការចុះផ្ទាល់លើករណីផ្សេងៗទៀត ដើម្បីក្ដាប់អំពីបញ្ហាប្រឈមនានា ពាក់ព័ន្ធនឹងការ លើកកម្ពស់ស្ត្រី យុវវ័យ និងកុមារ។ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានណែនាំឱ្យ មន្ទីរនានាជុំវិញខេត្ត បន្តលើកកម្ពស់តួនាទីភារកិច្ច ក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋ ឱ្យបានល្អប្រសើរនៅតាមមូលដ្ឋានដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។ ជាពិសេសត្រូវបន្តរួមគ្នាខិតខំដោះស្រាយ សំណើ សំណូមពរ និងបញ្ហាប្រឈមនានានៅតាមមូលដ្ឋាន ប្រកបដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ជូនប្រជាពលរដ្ឋ ចំពោះសំណើ សំណូមពរ និងបញ្ហាប្រឈម ទាំងឡាយណា ដែលហួសពីសមត្ថកិច្ចដោះស្រាយរបស់ខ្លួន ត្រូវរាយការណ៍ជូនរដ្ឋបាលខេត្ត ដើម្បីដោះ ស្រាយឆ្លើយតបឱ្យបានឆាប់រហ័ស។សូមជម្រាបដែរថា ក្នុងកិច្ចប្រជុំនេះ ក្រុមប្រឹក្សាខេត្តបានធ្វើការពិនិត្យ ពិភាក្សា អនុម័ត និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តនានា ដែលសរុបមានចំនួន ០៩របៀបវារៈ សំខាន់ៗ ៕
ចំនួនអ្នកទស្សនា
ព័ត៌មានគួរចាប់អារម្មណ៍
អ្នកដំណើរចំនួន៦៥នាក់និងក្រុមការងារ៦នាក់នៅលើយន្តហោះបានស្លាប់ខណៈបានធ្លាក់នៅរុស្ស៊ី (សហការី)
វីដែអូ