មេខ្លោងនិងបក្ខពួកចំនួន៥នាក់ ត្រូវសមត្ថកិច្ចខេត្តព្រះវិហារឃាត់ខ្លួននៅពេលធ្វើសកម្មភាពរាវរកនិងគាស់យកវត្ថុបុរាណ !ព្រះវិហារ៖ ជនសង្ស័យជាមេខ្លោង និងបក្ខពួកចំនួន៥នាក់ ត្រូវបានមន្ត្រី នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ ចុះឃាត់ខ្លួនព្រមទាំងដកហូតវត្ថុតាងបទល្មើសមួយចំនួន នៅពេលកំពុងធ្វើសកម្មភាពរាវរកនិងគាស់យកវត្ថុបុរាណ ដើម្បីជួញដូរល្មើសច្បាប់ បញ្ជូនមកអនុវត្តតាមផ្លូវច្បាប់ ។ប្រតិបត្តិការឃាត់ខ្លួននោះ បានធ្វើឡើងកាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចប្រាសាទខ្នារ ស្ថិតនៅក្នុងភូមិក្រឡាពាស ឃុំព្រីងធំ ស្រុកជាំក្សាន្ត នៃដែនដីខេត្តព្រះវិហារ ក្រោមការដឹកនាំបញ្ជាការបញ្ជាផ្លាល់ដោយ លោកឆេង ហៀត មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត និងមន្ត្រីអាវុធហត្ថខេត្តចំនួន ១៥នាក់ ។មន្តមន្ត្រីអាវុធហត្ថខេត្តបានឱ្យដឹងថា ក្រោយពីទទួលបានដំណឹងថាមានជនខិលខូចមួយក្រុមបាននិងកំពុងធ្វើសកម្មភាពប្រើឧបករណ៍រាវរកវត្ថុបុរាណ ដែលកប់ជ្រៅនៅក្នុងដីរាប់ពាន់ឆ្នាំមកហើយ ដើម្បីជីកគាស់កកាយយកវត្ថុបុរាណនាំយកទៅធ្វើការជួញដូរ ។ ប្រធានមន្ទីរវប្បធម៌ និងវិចិត្តសិល្បៈខេត្ត រួមជាមួយមន្ត្រី និងមន្ត្រីកិច្ចសន្យាខេត្ត បានសហការណ៍ជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត ចុះទៅកាន់ទីតីតាំងដែលជនសង្ស័យកំពុងប្រព្រឹត្តបទល្មើស ។ជាលទ្ធផលកម្លាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យជាមេខ្លោង និងបក្ខពួកជួញដូរវត្ថុបុរាណបានចំនួន៥នាក់មានឈ្មោះដូចខាងក្រោម៖ ទី១, ឈ្មោះហេងប៊ុន សុខុន ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិតាវៀន ឃុំសាលាកំរើក ក្រុងសៀមរាប ជាថៅកែដកហូតបានវត្ថុតាងរូបលោហៈ ។ ទី២, ឈ្មោះ ប៊ុន សាន ភេទប្រុស អាយុ៤៥ឆ្នាំ ជាមេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រីងធំ ។ ទី៣, ឈ្មោះសៀក សុភ័ក្រ ភេទប្រុស អាយុ៥៤ឆ្នាំ ។ ទី៤, ឈ្មោះង៉ែត តៃ ភេទប្រុស អាយុ៥៤ឆ្នាំ និងទី៥, ឈ្មោះព្រលាន ព្លឿង ភេទប្រុស អាយុ៥៤ឆ្នាំ ជនសង្ស័យទាំង៣នាក់ ជាកសិករ រស់នៅភូមិគោកព្រិច ឃុំគោករមៀត ស្រុកពួក ខេត្តបន្ទាយមានជ័យ ។មន្ត្រីកងរាជអាវុធហត្ថបានបញ្ជាក់បន្ថែមថា ក្រោយធ្វើការឃាត់ខ្លួនជនសង្ស័យទាំង៥នាក់រួចហើយ សមត្ថកិច្ចដកហូតបានឧបករណ៍រាវរកវត្ថុបុរាណចំនួន២គ្រឿង នៅខាងត្បូងប្រាសាទខ្នារប្រមាណ១០០ម៉ែត្រ ដកហូតរថយន្តដែលជាមធ្យោបាយបម្រើឱ្យការធ្វើសកម្មភាពប្រព្រឹត្តបទល្មើសចំនួន ២គ្រឿង ។លោកថាក្រោយការឃាត់ខ្លួនជនសង្ស័យជួញដូរវត្ថុបុរាណទាំង៥នាក់ រួមទាំងវត្ថុតាងនោះរួចប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះវិហារ បានធ្វើកំណត់ហេតុផ្ទេរប្រគល់ជនសង្ស័យ និងវត្ថុតាងទៅឱ្យកម្លាំងកងរាជអាវុធហត្ថខេត្តដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការខេត្តចាត់ការទៅតាមនីតិវិធីច្បាប់៕
ចំនួនអ្នកទស្សនា
ព័ត៌មានគួរចាប់អារម្មណ៍
អ្នកដំណើរចំនួន៦៥នាក់និងក្រុមការងារ៦នាក់នៅលើយន្តហោះបានស្លាប់ខណៈបានធ្លាក់នៅរុស្ស៊ី (សហការី)
វីដែអូ